ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ជំរុញឱ្យមន្ទីរ អង្គភាពនិង អាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការគ្នាឱ្យបានល្អប្រសើរបម្រើសេវាសាធារណៈ និងលើកកម្ពស់គុណភាពការងារ
មណ្ឌលគិរី : ថ្ងៃទី០២ខែមីនា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ជំរុញឱ្យមន្ទីរ អង្គភាពនិង អាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការគ្នាឱ្យបានល្អប្រសើរបម្រើសេវាសាធារណៈ និងលើកកម្ពស់គុណភាពការងារ។ ការជំរុញ របស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនាឆ្នាំ២០២២ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លើកទី ៣៣ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីលោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក ស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីអភិបាលអភិបាលរងក្រុង ស្រុកទាំង៥ដែលកិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចំងាយ Zoom ។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកទាំង ៥ ក៏មានកិច្ចប្រជុំជាមួយនឹងគណៈអភិបាលខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ សកម្មភាពការងារ ខ្លឹមសារ អក្ខរាវិរុទ្ធ ឱ្យបានត្រឹមត្រូវ ដូច្នេះ ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក ត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ លើរបាយការណ៍សកម្មភាពការងាររបស់ខ្លួន និងត្រូវសហការឱ្យបានជិតស្និទ្ធជាមួយការិយាល័យសរុបនៃរដ្ឋបាលខេត្ត ដើម្បីកែសម្រួលរបាយការណ៍ឱ្យបានត្រឹមត្រូវមុនដាក់ជូនអង្គប្រជុំ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់អភិបាលក្រុងស្រុក ត្រូវណែនាំឱ្យមន្ត្រីក្រោមឱវាទ អាជ្ញាធរឃុំ សង្កាត់ ពង្រឹងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាន់ពេលវេលា និងត្រូវបង្កើនកិច្ចសហការជាមួយមន្ទីរអង្គភាពជំនាញផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ឋភាពការងារ ។ ម្យ៉ាងវិញទៀត សូមឱ្យមន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រមូលចំណូល ខិតខំប្រឹងប្រែងប្រមូលចំណូល តាមវិស័យជំនាញរបស់ខ្លួន ដើម្បីបង្កើនចំណូលថវិកាជាតិ ព្រោះរាជរដ្ឋាភិបាលបានចំណាយថវិកាជាតិយ៉ាងច្រើន ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ការឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងជួយលើវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិកូវីដនេះ ។
ក្រៅពីនេះឯកឧត្តម ម៉ែន ង៉ុយ បានស្នើដល់ប្រធានមន្ទីរអប់រំ និងអាជ្ញាធរមូលដ្ឋាន ជួយជំរុញដល់សិស្សានុសិស្ស មាតាបិតាដែលមានកូនគ្រប់អាយុ១៨ឆ្នាំ សូមទៅធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា នឹងត្រូវចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ។ ឯកឧត្តមក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ និង ចាក់វ៉ាក់សាំងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ៕ ដោយ៖ គង់ សិរីរ័ត្ន,ប្រភព៖ មណ្ឌលគិរី


No comments