រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា៖ កងកម្លាំងនគរបាលប្រទេសសមាជិកអាស៊ាន ជាបង្អែក យ៉ាងរឹងមាំក្នុងការគាំពារដល់កិច្ចដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ
ភ្នំពេញ: ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កងកម្លាំងនគរបាលនៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ក្នុងការបង្កើតនូវបរិស្ថានសន្តិសុខគាប់ប្រសើរ ជាបង្អែកយ៉ាងរឹងមាំក្នុងការគាំពារដល់កិច្ចដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ និងពង្រឹងពង្រីកវិសាលភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្តរតំបន់។ ការលើកឡើងរបស់សម្ដេចក្រឡាហោម បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត» ដែលបានធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួបរួមគ្នាប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ និងប្រកៀកស្មាគ្នាដោយគ្មានការរើសអើងតស៊ូទប់ទល់នឹងកូវីដ-១៩។
ដោយឡែកសម្រាប់ការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នាឆ្នាំ២០២២ នេះ ដែលកម្ពុជាធ្វើជាម្ចាស់នេះ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា ជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ត្បិតព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងក្នុងខណៈពេលពិភពលោកទាំងមូលនិយាយជារួម និងដោយឡែកតំបន់អាស៊ានកំពុងខិតខំរើបម្រះខ្លួនចេញពីការគំរាមកំហែងប្រកបដោយហានិភ័យនៃជំងឺកូវីដ-១៩ ឆ្ពោះ ទៅកាន់គន្លងប្រក្រតីថ្មី ដើម្បីវិបុលភាព និងការរីកចម្រើន។ សម្ដេចក្រឡាហោមបាន ផ្ដល់ការលើកទឹកចិត្តអាស៊ានណាប៉ូល បន្តពង្រីកទំនាក់ទំនង បង្កើតបន្ថែមទៀតនូវ ដៃគូ សន្ទនា សំដៅប្រមូលផ្តុំនូវថាមពលគាំទ្រធ្វើឱ្យសហគមន៍អាស៊ាន កាន់តែរឹងមាំ និងលេច ធ្លោ ប្រកបដោយកិត្យានុភាព។
សម្ដេចក្រឡាហោមក៏បានណែនាំគណៈកម្មការជំនាញនីមួយៗ គប្បីរិះរកនូវមធ្យោបាយ ឬវិធីសាស្ត្រគន្លឹះសំដៅ លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសង្គម ក្នុងនោះក៏មានការស្វែងរកវិធីសាស្ត្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នៅក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ដោយ ចាន់ សុធីវង្ស


No comments